ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់គ្រាប់ពូជស្រូវ ដល់ប្រជាកសិករនៅខេត្តក្រចេះ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្

(ខេត្តក្រចេះ) ខេត្តក្រចេះទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ ។ ដោយមានការណែនាំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការចែកពូជស្រូវត្រូវតែជិតបងប្អូនប្រជាកសិករ ពោលគឺ១ឃុំ ១កន្លែង ដោយយោងតាមនីតិវិធី(SOP) និងម្យ៉ាងទៀតក៏ជាការស្នើសុំពីអាជ្ញាធរឃុំ ភូមិ ពិសេសពីសំណូមពររបស់ប្រជាពលរដ្ឋផ្ទាល់។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ.គ.ម.ខ បានសម្រេចពិនិត្យស្ថានភាពទីតាំងសមស្របតាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីបង្ខិតជិតប្រជាកសិករងាយស្រួលក្នុងការទទួលពូជស្រូវ និងបានបែងចែកគណៈអភិបាលខេត្ត ដោយមានការចូលរូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាព ជំុវិញរដ្ឋបាលខេត្ត ។ ចំពោះការលើកដាក់ពូជស្រូវ ឯកឧត្ដមអភិបាលខេត្ត បានចាត់កងកម្លាំងទាំង៣ និងរដ្ឋបាលពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី ៤

(បន្ទាយមានជ័យ) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ ។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៦ សំខាន់ៗត្រូវលើកមកពិនិត្យពិភាក្សានិងអនុម័ត លើសេចក្ដីព្រាងនិងសម្រេចរបស់សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបំពេញការងាររបស់ខ្លួនជាច្រើន ជាពិសេសបានបំពេញតួនាទីត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ក្នុងកិច្ចការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការសង្គមក្នុងខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌដែលកន្លងទៅផុតថ្មីៗនេះ ដែលប្រព្រឹត្តទៅយ៉ាងរលូននិងល្អប្រសើរ និងស្ដីអំពីការដាក់ឲ្យប្រើប្រាស់គោលនយោបាយណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំនិងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ២០២៥_២០២៩ និងកម្មវិធីវិនិយោគ ៣ ឆ្នាំកម្រិតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តក្រុមការងារបានរៀបចំយកចិត្តទុកដាក់លើវិស័យនិងសកម្មភាពជាចម្បងស្របតាមទម្រង់ឧបសម្ព័ន្ធគំរូនៃសេចក្ដីណែនាំបច្ចេកទេសស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ខេត្តនិងស្របដោយក្របខណ្ឌគោលនយោបាយជាតិដែលមានខ្លឹមសារសំខាន់ៗសម្រាប់ ពិភាក្សានិងអនុម័តសេចក្ដីព្រាងតាមតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខេត្តសំរាប់ខែសីហាឆ្នាំ ២០២៤ និងថវិកាពង្រឹងយុទ្ធនាការរដ្ឋបាលខេត្តផងដែរ។

ព័ត៌មានជាតិ

ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

(ប៉ៃលិន) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ សំរាប់ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ២ នៅក្នុងវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១១នាក់ ស្រី ២៤១នាក់។   ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិននិងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការនិងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរផែនការខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីរលោក ប្រាក់ ប៉ូលី អភិបាលរង ខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបលើកឡើងថា៖ មន្ទីរផែនការខេត្តមានបេសកកម្មទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងាររបស់ក្រសួងផែនការក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យផែនការ និងស្ថិតិ និងជាអង្គភាពចំណុះឲ្យក្រសួងផែនការតាមខ្សែបណ្ដោយ និងចំណុះឲ្យរដ្ឋបាលខេត្តតាមខ្សែទទឹង និងមានតួនាទីភារកិច្ចអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងផែនការតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។