ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុងប៉ោយប៉ែត !!!

ក្រុងប៉ោយប៉ែត៖ ព្រឹកថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត   បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុងប៉ោយប៉ែត នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនចាក់បេតុង តំណាងក្រុមហ៊ុនដឹកជញ្ជូន ចៅសង្កាត់ មេភូមិ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ នានា។

 នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់លេីកត្តាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងប៉ោយប៉ែតយេីងទាំងមូល ហេីយគ្រប់ក្រុមហ៊ុនចាក់បេតុងត្រូវជូនដំណឹងដល់អាជ្ញាធរ មូលដ្ឋាននៅរាល់មុនពេលក្រុមហ៊ុនទៅចាក់បេតុងនៅទីតាំងណាមួយ ដេីម្បីអាជ្ញាធរមូលដ្ឋានបានសហការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ហានីភ័យនានាដែលអាចកេីតឡេីងជាយថាហេតុ និងដេីម្បីងាយស្រួលបញ្ជាទិសចរាចរណ៍សម្រាប់អ្នកធ្វេីដំណេីរ។   ហេីយសូមក្រុមហ៊ុនពិនិត្យពង្រឹងក្រមសីលធម៌អ្នកបេីកបរ និងហាមផ្តាច់មិនឱ្យអ្នកបេីកបរណាមួយជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់សារធាតុញៀននោះឡេីយ។

ដោយមេីលឃេីញសកម្មភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលំអសោភ័ណភាពក្រុងប៉ោយប៉ែត យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក ហេីយកំពុងបន្តដឹកនាំធ្វេីយ៉ាងផុលផុស ធ្វេីឱ្យក្រុមហ៊ុនបេតុង ZO A រីករាយចូលរួមជួយឧបត្ថម្ភបេតុង១០ម៉ែត្រគូបក្នុងមួយខែជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សម្រាប់ចាត់ចែងប្រេីប្រាស់ជួសជុលកំណាត់ផ្លូវនានាក្នុងក្រុងប៉ោយប៉ែតតាមតម្រូវការចាំបាច់ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរីករាយទទួលយក និងបានផ្តល់ឱកាសឱ្យបណ្តាក្រុមហ៊ុនចាក់បេតុងដទៃទៀត ក៏ដូចជាបណ្តាក្រុមហ៊ុននានា និងសប្បុរសជនទាំងឡាយដែលកំពុងមានវត្តមានធ្វេីអាជីវកម្មក្នុងក្រុងប៉ោយប៉ែត អាចចូលរួមចំណែកភ្ជាប់និស្ស័យឧបត្ថម្ភជាបេតុង សម្រាប់អភិវឌ្ឍកែលំអគ្រប់ផ្លូវក្នុងក្រុងប៉ោយប៉ែតទាំងអស់ឱ្យប្រែក្លាយទៅជាផ្លូវបេតុងប្រកបដោយគុណភាព និងសោភ័ណភាពជាមួយគ្នា ដេីម្បីភាពសុខុដុមនីយកម្មក្រុងប៉ោយប៉ែតរបស់យេីងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *